ការកំសាន្ត

កោះ​ដាច់​
រមណីយដ្ឋា​នេះ​គឺ​ទាក់​ទាញ​យុវជន​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដោយសារ​ទី​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ។ គេ​អាច​ទៅ​ដល់​ទី​នោះ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ម៉ោង​ផង​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A​ ដោយ​ឆ្លង​សាឡាង​នៅ​ភូមិ​ក្ដី​ចាស់។ កោះ​ដាច់​ គឺ​ជា​កន្លែង​កម្សាន្ត​លើ​ឆ្នេរ​ខ្សាច់​ និង​ហែល​ទឹក​ទន្លេ​មេគង្គ​ ព្រមទាំង​ញ៉ាំ​អាហារ​លើ​កញ្ចុះ​ស្បូវ​ជួប​ជុំ​មិត្តភ័ក្តិ។

កំពង់​សោម
នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​អញ្ចេះ​ យុវជន​នឹង​មក​ពី​គ្រប់​ទិសទី​សម្រុក​ទៅ​លេង​ខេត្ត​នេះ​មិន​ខាន។ ក្រៅ​ពី​ហែល​ទឹក​លេង​ ពូន​ភ្នំខ្សាច់​ ​ឬ​ដើរ​ថត​ទេសភាព​ប្លែក​ៗ​ យុវជន​អាច​អង្គុយ​ញ៉ាំ​មឹក​ បង្កង​ ក្ដាម​ និង​អាហារ​សមុទ្រ​ស្រស់​ៗ​ផ្សេង​ទៀត​បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​ទេសចរណ៍​មួយ​នេះ​ ឲ្យ​បាន​ស្រួល​ មិត្ត​យុវវ័យ​គួរ​តែ​កក់​ផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​ជា​មុន​ទៅ។
មណ្ឌល​គិរី
ថ្វីត្បិត​តែ​ខេត្ត​នេះ​ហាក់​ស្ថិត​នៅ​ឆ្ងាយ​បន្តិច​ ដោយ​ត្រូវ​ធ្វើ​ដំណើរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ពី​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​សម្រស់​ព្រៃ​ឈើ​ វាល​ស្មៅ​ធំល្វឹង​ល្វើយ​ ទឹក​ជ្រោះ​ដ៏​សម្បូរ​បែប​ និង​ទិដ្ឋភាព​ភូមិករ​របស់​ជនជាតិ​ដើម​ភាគ​តិច​ ព្នង​ ល្មម​ធ្វើ​ឲ្យ​ការ​ធ្វើ​កម្សាន្ត​ទៅ​កាន់​ខេត្ត​នេះ​​ក្នុង​ឱកាស​បុណ្យ​ចូល​ ឆ្នាំ​​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ខេត្ត​មណ្ឌល​គិរី​ មាន​សម្រស់​ធម្មជាតិ​ស្រស់​ស្អាត​ រហូត​ដល់​បរទេស​​ប្រៀប​ធៀប​ខេត្ត​នេះ​ថា​៖​ “នៅ​រដូវ​ប្រាំង​មាន​ថ្ងៃ​រះ​​ស្អាត​ដូច​នៅ​ប្រទេស​ Wales ​និង​នៅ​រដូវ​វស្សា​មាន​ផ្លូវ​ចោទ​គួរ​ឲ្យ​ព្រឺ​ដូច​នៅ​រដ្ឋ​Tasmania ​ប្រទេស​អូស្រ្តាលី​អញ្ចឹង”។
រតនៈ​គិរី
ខេត្ត​នេះ​ គឺ​​សម្បូរ​ជន​ជាតិ​ដើម​ភាគ​តិច​ច្រើន​ជាង​គេ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡើយ​ ដែល​ទៅ​លេង​ទី​នេះ​ គឺ​ប្រាកដ​ជា​តម្រង់​ទៅ​បឹង​អតីត​ភ្នំ​ភ្លើង​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ បឹង​យក្សឡោម។ យុវវ័យ​អាច​ហែល​ទឹកលេង​ ឬ​អង្គុយ​លម្ហែកាយ​ក្បែរ​មាត់​បឹង​នេះ​បាន។ ប៉ុន្តែ​ពេល​ខ្លះ​ គេ​ឃើញ​យុវវ័យ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ផ្សេង​ៗ​របស់​ខេត្ត​នេះ​ ដើម្បី​គយគន់​ព្រៃ​ភ្នំ​យ៉ាង​ត្រជាក់​ចិត្ត។
សៀមរាប​
នៅ​ខេត្ត​នេះ​ នឹង​មាន​មនុស្ស​ច្រើន​កកកុញ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ។ ក្រៅ​ពី​ចុះ​ឡើង​ប្រាសាទ​បុរាណ​ នានា​ យុវជន​ជា​ច្រើន​​តែង​អង្គុយ​លេង​ជុំ​វិញ​បារាយ​ ញ៉ាំ​បាយ​ជា​គ្រួសារ​ និង​មិត្តភ័ក្តិ​របស់​ខ្លួន។ ទន្ទឹម​នឹង​នោះ​ដែរ​ គេ​តែង​សង្កេត​ឃើញ​យុវជន​​មួយ​ចំនួន​ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​គូលេន​ ដើម្បី​ទៅ​កម្សាន្ត​ទឹក​ធ្លាក់​នៅ​ទី​នោះ។ គេ​អាច​ទៅ​ដល់​ទី​នោះ​ដោយ​រថយន្ត​ ឬ​តូចក្រយាន​យន្ត​បាន​យ៉ាង​ងាយ។
បាត់​ដំបង
តាម​ពិត​ទៅ​ ខេត្ត​នេះ​ក៏​មាន​តំបន់​ធម្មជាតិ​ ដូច​ជា​សេក​សក​ ជ្រោះ​ពេជតា​ និង​ល្អាង​ភ្នំ​សំពៅ​ សម្រាប់​ជា​ការ​កម្សាន្ត​របស់​យុវវ័យ​ដែរ​ តែ​យុវជន​តែង​​និយម​ទៅ​មើល​គេ​លេង​ល្បែង​ប្រជា​ប្រិយ​គ្រប់​ប្រភេទ​នៅ​ ប្រាសាទ​បាណន់​ ជា​ពិសេស​ការ​លេង​មង្គល​ការ​ក្លែង​ក្លាយ​ដ៏​ល្បី​ប្រចាំ​ខេត្ត​នេះ។ ប៉ុន្តែ​តាម​ដង​ផ្លូវ​ទៅ​កាន់​តំបន់​កម្សាន្ត​ទាំង​នេះ​ គេ​នឹង​ប្រទះ​ឃើញ​យុវជន​មួយ​ចំនួន​រៀប​ឆាក​រំា​កម្សាន្ត​ ដែល​ជា​ទិដ្ឋភាព​ថ្មី​កម្រ​បាន​ប្រទះ​នៅ​ខេត្ត​ដ៏ទៃ។

Add caption

No comments:

Post a Comment